៦​យ៉ាង​ដើម្បី​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

“កុំ​អោន​មុខ​​​​ ត្រូវ​ងើប​មុខ​ឡើង ​ហើយ​សម្លឹង​ពិភពលោក​នេះ​អោយ​​ចំ” Helen Keller។ “អ្វី​ដែល​យើង​រំពឹង​ដោយ​មាន​ទំនុក​ចិត្ត​ នឹង​ក្លាយ​ជា​ការ​ព្យាករណ៍​បំពេញ​បំណង​ខ្លួន​យើង” Brian Tracy។ “ទំនុក​ចិត្ត​ជា​សេចក្ដី​ក្លាហាន​” Daniel Maher។

  ជា​ការ​ពិត​មនុស្ស​គ្រប់​រូប​តែង​ចង់​មាន​ទំនុក​ចិត្ត​​កាន់​តែ​ខ្ពស់​ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​នៅ​ក្នុង​ឆាក​ជីវិត ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ទើប​មាន​ទំនុក​ចិត្ត​?

អ្នក​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ប្រាប់​មិត្តភ័ក្ដិ​ថា “ត្រូវ​តែ​ទុក​ចិត្ត​ខ្លួន​ឯង​សំឡាញ់” តែ​ទោះ​ជា​យ៉ាង​ណា​ពាក្យ​សម្ដី​បែប​នេះ​ពិត​ជា​មិន​បាន​ជួយ​អ្វី​ដល់​មនុស្ស​ដែល​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នោះ ​ទេ។

  ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​នេះ​ Sabay បាន​ស្រាវជ្រាវ​រក​គន្លឹះ​ខ្លះ​ៗ​ដែល​អាច​អោយ​យុវវ័យ​សាកល្បង​អនុវត្តិ​ដើម្បី​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ សង្ឃឹម​ថា​តាម​រយៈ​អត្ថបទ​នេះ​អាច​​រួម​ចំណែក​ក្នុង​ការ​សាង​ទំនុក​ចិត្ត​របស់​​យុវវ័យ​​អោយ​មាន​កម្រិត​កាន់តែ​ខ្ពស់។
៦​គន្លឹះ​ដែល​យុវវ័យ​គួរ​កត់​ទុក៖

១. បញ្ចេញ​សកម្មភាពធ្វើ​កិច្ចការ​អោយ​ហើយ

   “សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ​អោយ​រួច​រាល់ ទោះ​កិច្ចការ​នោះ​អ្នក​មិន​ចូល​ចិត្ត ​ឬ​ធុញ​ទ្រាន់​យ៉ាង​ណា​ក៏​ដោយ ​ទំនុក​ចិត្ត​​ដែល​ទទួល​បាន​ពី​ការ​បំពេញ​កិច្ចការ​ដែល​គួរ​អោយ​ធុញ​ទ្រាន់​គឺ​ជា​ប្រយោជន៍​ដ៏​មហិមា” Thomas A. Bennett ។

“គ្មាន​អ្វី​អាច​បង្កើត​ទំនោរ​ចិត្ត​ គោរព​ខ្លួន​ឯង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ដូច​ការ​អនុវត្ត​នោះ​ទេ” Thomas  Carlyle។

“និស្សកម្ម​បណ្ដុះ​មន្ទិល​និង​ភាព​ភ័យ​ខ្លាច។ សកម្ម​បណ្ដុះ​ទំនុក​ចិត្ត​និង​សេចក្ដី​ក្លាហាន។ ប្រសិន​បើ​អ្នក​ចង់​គ្រប់គ្រង​ភាព​ភ័យ​ខ្លាច​សូម​កុំ​អង្គុយ​នៅ​ផ្ទះ​ហើយ​គិត​ពី​កិច្ចការ​អី ត្រូវ​ចេញ​ទៅ​​ហើយ​ធ្វើ​កិច្ចការ​ទាំង​នោះ” Dale Carnegie។

ជំហាន​សំខាន់​បំផុត​ក្នុង​ការ​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ត្រូវ​ប្រតិបត្តិ។ ធ្វើ​កិច្ចការ​អ្វីមួយ​ និង​​ត្រូវ​ធ្វើ​អោយ​រួច។ អង្គុយ​នៅ​ផ្ទះ​ហើយ​គិត​ពី​កិច្ចការ​មួយ​ បាន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​​កាន់​តែ​រារែក​ចំពោះ​កិច្ចការ​នោះ។

២. ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​អ្នក

    “មធ្យោបាយ​ពង្រឹង​ទំនុក​ចិត្ត​ខ្លួន​ឯង​គឺ​ត្រូវ​ធ្វើ​កិច្ចការ​ដែល​អ្នក​ខ្លាច” William Jannings Bryan។
“អ្នក​ទទួល​បាន​កម្លាំង​ចិត្ត សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​ តាម​រយៈ​រាល់​បទពិសោធន៍​ដែល​​គេ​មើល​មិន​ឃើញ​ភាព​ភ័យ​ខ្លាច​នៅ​លើ​ទឹក​មុខ​របស់​​អ្នក​​។ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​រស់​នៅ​ជា​មួយ​នឹង​រឿង​រន្ធត់​នេះ​ជា​យូរ​មក​ហើយ ខ្ញុំ​អាច​ទទួល​យក​រឿង​ដែល​កើត​ឡើង​ក្រោយៗ​ទៀត​បាន” អ្នក​ត្រូវ​ធ្វើ​រឿង​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាច​ធ្វើ​បាន” Eleanor Roosevelt។

៣. យល់​ពី​ដំណើរ​រឿង​ដែល​កើត​ឡើង

   នៅ​ក្នុង​រឿង “Three Kings” ឆ្នាំ​១៩៩៩ មាន​ឈុត​មួយ​ដែល​មេបញ្ជាការ Archie Gates ចង់​អោយ​ក្រុម​តូច​មួយ​ជួយ​ទាហាន ​និង​លួច​មាស​របស់​សេដដាម​គឺ​ នៅ​ពេល​ដែល​សង្គ្រាម​ឈូង​សមុទ្រ ​លើក​ទី​មួយ​ទើប​តែ​បញ្ចប់។
Archie Gates: ឯង​ខ្លាច​មែន​ទេ?
Conrad Vig: ប្រហែល​ហើយ
Archie Gates: ការងារ​គឺ​យ៉ាង​នេះ ឯង​ធ្វើ​រឿង​ដែល​ឯង​ខ្លាច​បំផុត ហើយ​ឯង​មាន​សេចក្ដី​ក្លាហាន​បន្ទាប់​ពី​ឯង​ធ្វើ​វា មិន​មែន​មុន​ពេល​ឯង​ធ្វើ​នោះ​ទេ។
Conrad Vig: ធ្វើ​យ៉ាង​នោះ​ដូច​ជា​ល្ងង់​ពេក​ហើយ។ វា​គួរ​តែ​មាន​មធ្យោបាយ​ផ្សេង។
Archie Gates: ខ្ញុំ​ដឹង។ នោះ​ជា​មធ្យោបាយ​ដែល​នឹង​ដំណើរការ​បាន​ល្អ។
ចំណុច​សំខាន់​គឺ នៅ​ពេល​ដែល​អ្នក​ធ្វើ​កិច្ចការ​មួយ អ្នក​មិន​គ្រាន់​តែ​សាង​ទំនុក​ចិត្ត​ចំពោះ​លទ្ធភាព​របស់​អ្នក​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​ខុស​ៗ​គ្នា​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​ទទួល​បាន​​បទពិសោធន៍​​នៃ​ភាព​ដែល​មិន​ងាយ​នឹង​រំភើប​ញាប់ញ័រ​​ផង​ដែរ។ អត្ថន័យ​នេះ​គឺ​ក្នុង​ស្ថានភាព​ដូច​ជា​ ការ​និយាយ​ក្នុង​ចំណោម​មហា​ជន​ដែល​អ្នក​តែង​មាន​អារម្មណ៍​ញាប់ញ័រ ​នឹង​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ជីវិត​របស់​អ្នក ដោយសារ​អ្នក​ឡើង​និយាយ​ជា​រឿយៗ​។
  ពេល​នេះ​អ្នក​ប្រហែល​ជា​ខ្លាច ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​រឿង​ដែល​អ្នក​ខ្លាច​ជា​ច្រើន​ដង​អ្នក​អាច​នឹង​និយាយ​ថា “គឺ​អ៊ីចឹង​ទេ​ហ្អែ?” ហើយ​អ្នក​អាច​នឹង​ខឹង​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​គេច​មិន​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ជា​យូរ​មក​ហើយ។

៤. ត្រៀម

“គន្លឹះ​​សំខាន់​មួយ​ដើម្បី​ជោគជ័យ​គឺ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គន្លឹះ​សំខាន់​មួយ​ដើម្បី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ [ត្រៀម​] “ Arthur Ashe។

   នៅ​ពេល​អ្នក​មិន​ដឹង​ដំណើរ​រឿង​ ពី​អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើវា ​ងាយ​នឹង​ធ្វើ​អោយ​អ្នក​ ស្រពិច ស្រពិលភ័យ​តក់​ស្លុត ហើយ​ចាប់​ផ្ដើម​បង្កើត​រឿង​ភ័យ​ខ្លាច​ក្នុង​ចិត្ត​របស់​អ្នក ​ចំពោះ​អ្វី​ដែល​អាច​កើត​ឡើង​ប្រសិន​បើ​អ្នក​ធ្វើ​កិច្ចការ​នោះ។
    ត្រៀម​ខ្លួន​ជា​មុន​ ហើយ​ប្រាប់​ខ្លួន​ឯង​អោយ​ច្បាស់​​ពិត​ជា​អាច​ជួយ​អ្នក​បាន។ ឧទាហរណ៍​ដូច​ជា​ការ​ហាត់​សម ហើយ​សរេសរ​សុន្ទរកថា​របស់​អ្នក​សាចុះសាឡើង​អ្នក​នឹង​ដក់​វា​នៅ​ក្នុង​ចិត្ត។ តាម​រយៈ​ការ​ស្រាវជ្រាវ​អាច​ជួយ​អ្នក​អោយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ និង​វិជ្ជមាន​នៅ​ពេល​ដែល​អ្នក​ឈាន​ជើង​ឡើង​លើ​ឆាក។
   ដូច្នេះ​រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ​អ្នក​ត្រូវ​តែ​ត្រៀម​ជា​មុន នោះ​អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។

៥. ចាំ​ទុក​ក្នុង​ចិត្ត​ថាបរាជ័យឬ​កំហុស​ឆ្គង​នឹង​មិន​សម្លាប់​អ្នក​ទេ

“ទំនុក​ចិត្ត​មិន​មែន​បាន​មក​ពី​ការ​ដែរ​ធ្វើ​ត្រូវ​រហូត​នោះ​ទេ ប៉ុន្តែ​បាន​មក​ពី​ការ​ដែល​មិន​ខ្លាច​ខុស” Peter T. Mcintyre។

“ខ្ញុំ​ឈប់​ភ័យ​ខ្លាច​នៅ​ពេល​ដំណើរ​ផ្សងព្រេង​ទី​មួយ​របស់​ខ្ញុំ​បរាជ័យ​ ហើយ​មេឃ​មិន​រលំ​ធ្លាក់​មក” Allen H. Neuharth។

ជា​ថ្មី​ម្ដង​ទៀត​ដែល​អ្នក​ត្រូវ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​អ្នក ព្រោះ​មាន​តែ​នៅ​ពេល​នោះ​ទេ​អ្នក​នឹង​ដឹង​ថា​រឿង​បែប​នោះ​មាន​មនុស្ស​រាប់​កោដិ​នាក់​ធ្លាប់​ឆ្លង​កាត់​មុន​អ្នក​​រួច​ទៅ​ហើយ។ បរាជ័យ ​ឬ​ភាព​ឆ្គាំឆ្គង​នឹង​មិន​សម្លាប់​អ្នក​ មេឃ​ក៏​​មិន​រលំ ដូច​ការ​ដែល​​មនុស្ស​មិន​បាន​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​គិត​នោះ​ទេ។
មាន​កំហុស​ឆ្គង ឬ​ធ្វើ​កិច្ចការ​បរាជ័យ​ខ្លាច​មិត្តភ័ក្ដិ ​និង​អ្នក​ផង​​រង់​ចាំ​មើល​និង​សើច​ចំអក​មែន​ទេ? អេ! យុវវ័យ​ត្រូវ​ចាំ​ថា ផែន​ដី​មិន​វិល​ជុំ​វិញ​អ្នក​ទេ អ្នក​អាច​នឹង​គិត​ដូច្នេះ​ ប៉ុន្តែ​វា​ពិត​ជា​មិន​វិល​ជុំ​វិញ​អ្នក​ទេ។ មនុស្ស​លើ​លោក​មិន​ខ្វល់​ពី​អ្វី​ដែល​អ្នក​ធ្វើ​ខ្លាំង​យ៉ាង​នោះ​ពេក​ទេ ពួក​គេ​មាន​ជីវិត បញ្ហា និង​ក្ដី​បារម្ភ​​ផ្ទាល់​ខ្លួន​​ដែល​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​មិន​ខ្វល់​ច្រើន​ពី​អ្វី​ដែល​អ្នក​ធ្វើ ឬ​តាម​ដាន​ថា​តើ​អ្នក​​ធ្វើ​អ្វី​ខុស ឬ​បរាជ័យ​នៅ​ពេល​ណា​នោះ​ទេ។ ដូច្នេះ​ឈប់​គិត​ថា មាន​គេ​តាម​មើល​និង​សើច​ចំអក​អ្នក​ទៀត​ទៅ!!!! ក្លាហាន​ឡើង! ហើយ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។

៦. ស្វែង​យល់​ថា​អ្នក​ជា​នរណា​ហើយ​អ្នក​ចង់​បាន​អ្វី​ពី​ឆាក​ជីវិត​នេះ

  “ពិភពលោក​មាន​ទម្លាប់​បង្កើត​បន្ទប់​សម្រាប់​មនុស្ស​ដែល​មាន​ពាក្យ​សម្ដី​ និង​សកម្មភាព​បង្ហាញ​ថា​ពួក​គេ​កំពុង​ទៅ​ណា” Napoleon Hill។

“កុំ​ស្ដាប់​នរណា​ដែល​ប្រាប់​អ្នក​ថា អ្នក​មិន​អាច​ធ្វើ​នេះ​ មិន​អាច​ធ្វើ​នោះ​បាន។ រៀន​សូត្រ ធ្វើ​ការ លេង​ហ្គេម​ក្សាន្ត កុំ​ខ្វល់​ថា​នរណា​និយាយ​អី​ រឿង​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ចាំ​ក្នុង​ចិត្ត​គឺ​ អ្នក​ពិត​ជា​អាច​ធ្វើ​រឿង​ទាំង​នោះ​បាន។ (បើក​វង់ក្រចក​សម្រាប់​បុរស​តិច​មើល៍! មាន​នារី​ម្នាក់​ស្រស់​ស្អាត​ថែម​ទាំង​ជា​កូន​អ្នក​ស្ដុកស្ដម្ភ​ទៀត ហើយ​មាន​បុរស​ជា​ច្រើន​ទាំង​មាន​ទាំង​ក្រ ទាំង​សង្ហារ​និង​មិន​សង្ហារ រាប់​បញ្ចូល​ទាំង​អ្នក​ខ្លួន​ឯង​ម្នាក់​ទៀត​​មិន​សូវ​មាន​ហើយ​មិន​សូវ​សង្ហារ “តាម​សុំ​ស្នេហ៍”។ តើ​អ្នក​អាច​ជា​ជម្រើស​របស់​នារី​​ម្នាក់​នោះ​ទេ? ត្រូវ​ចាំ! ចម្លើយ​គ្មាន​​នរណា​អាច​ឆ្លើយ​បាន​ទេ ក្រៅ​ពី​អ្នក​ខ្លួន​ឯង) ដឹង​ប៉ុណ្ណឹង​ហើយ បើ​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​នោះ ​នៅ​ចាំ​អី​ទៀត តោះ​សាក​មើល!” Douglas Bader។

កុំ​តក់ក្រហល់​ណា អនុវត្តិ​ម្ដង​មួយ​ចំណុច!
___________
ប្រែ​សម្រួល ៖ ស្រ៊ុនម៉េងគាង
ប្រភព ៖ positivityblog
ប្រភព៖ https://stockideakh.wordpress.com



source https://akbalthom.blogspot.com/2022/08/blog-post_5.html

Comments