នៅពេលឮឈ្មោះសត្វប្រឡាំងកាស មនុស្សមួយចំនួននឹកភ្លាមដល់ពាក្យដំណៀលមួយឃ្លា “កុំរស់ដូចសត្វប្រឡាំងកាស” ដែលជាទូទៅគេប្រើសម្រាប់ដៀលមនុស្សប្រុសដែលគេគិតថាចោលម្សៀត។
នៅក្នុងវចនានុក្រមខ្មែរសម្តេចសង្ឃរាជជួនណាត ប្រឡាំងកាស ត្រូវបានឱ្យនិយមន័យថា ជាឈ្មោះមច្ឆាមួយប្រភេទ មានស្នូកដូចអណ្ដើក តែស្ដើងស្រួយ មានពងដូចក្ដាម តែធំៗជាងពងក្ដាម រស់នៅក្នុងសមុទ្រ ដែលឈ្មោលតែងតែតោងជាប់ និងអាស្រ័យតែនឹងញី ដោយមានការពន្យល់បន្ថែមថា មនុស្សប្រុសដែលប្រចណ្ឌប្រពន្ធហួសពេក ប្រពន្ធទៅណាក៏ទៅជាមួយ មិនដែលឱ្យដាច់ឃ្លាតពីមុខ ប្រហែលដូចជាសត្វប្រឡាំងកាសឈ្មោល ដែលជាប់អាស្រ័យជាមួយតែនឹងញីមិនដែលដាច់។
ពេលខ្លះគេក៏ឮមានការដៀលមនុស្សប្រុសដែលគេចាត់ទុកថាមិនបានការ មិនខំរកស៊ីអ្វី ហើយរស់ពឹងផ្អែកតែលើមនុស្សស្រី ទៅនឹងសត្វប្រឡាំងកាសនេះផងដែរ។ ការប្រៀបប្រដូចខាងលើ គឺប្រហែលមកពីពេលដែលពួកគាត់ជួបសត្វនេះ នៅក្នុងសមុទ្រភាគច្រើនគាត់ឃើញអាឈ្មោលដែលជាទូទៅមានទំហំតូចជាងញីនោះ តែងតែនៅតោងពីលើប្រឡាំងកាសញី។ តែពួកគាត់ក៏ប្រហែលមិនបានយល់ច្បាស់ពីការរស់នៅរបស់សត្វនេះនោះដែរ។
តើ ប្រឡាំងកាសឈ្មោល ពិតជារស់នៅអាស្រ័យនឹងញីដូចបានលើកឡើងខាងដើម ឬ យ៉ាងណា? តើវាមានដំណើរជីវិតដូចម្តេច ហើយមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្សយើង? តោះចំណាយពេលប៉ុន្មាននាទីអានលេងទៅ!
ប្រឡាំងកាសមានឈ្មោះជាភាសាអង់គ្លេសថា Horseshoe crab។ ដោយសារតែមានពាក្យ Crab នៅក្នុងឈ្មោះរបស់សត្វនេះ អ្នកអាចនឹងគិតថា ប្រឡាំងកាសស្ថិតក្នុងអម្បូរក្តាមដែរ តែតាមពិតទៅវាជាប់ខ្សែស្រឡាយខាង ពពួកពីងពាង និងខ្យាដំរី ឯណោះទេ។
ប្រឡាំងកាសមានវត្តមាននៅលើផែនដីនេះជាង ៤០០លានឆ្នាំមកហើយ គឺមុនពពួកដាយណូស៊័រទៅទៀត (ដាណូស៊័រចាប់ផ្តើមមានវត្តមាននៅលើផែនដីខ្ទង់ ២៥០លានឆ្នាំ)។
ប្រឡាំងកាសមាន ៤ប្រភេទ ដែលប្រភេទទីមួយ គេហៅថាប្រឡាំងកាសអាត្លង់ទិច ដែលគេប្រទះឃើញច្រើននៅមហាសមុទ្រអាត្លង់ទិចភាគពាយព្យ និងឈូងសមុទ្រម៉ិចស៊ិក។ ចំណែកប្រឡាំងកាសបីប្រភេទទៀតរស់នៅក្នុងសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វ៊ិក។
នៅកម្ពុជាគេអាចហៅសត្វនេះម្យ៉ាងទៀតថា “សត្វកាចរ”។
ប្រឡាំងកាសមានស្នូកដូចអណ្ដើក តែស្ដើងស្រួយ មានជើង ១០ ដែលវាប្រើសម្រាប់ដើរនៅបាតសមុទ្រ។ ប្រឡាំងកាសមានភ្នែកចំនួន ៩ និងមានប្រដាប់ចាប់ពន្លឺទៀតផងដើម្បីដឹងពីចលនាប្រែប្រួលនៃពន្លឺព្រះចន្ទ។ ពួកវានឹងឡើងមកលើឆ្នេរដើម្បីបង្កកំណើតនៅពេលព្រះចន្ទពេញបូរមី ដែលមានទឹកជោរ នៅចន្លោះខែ មីនា និងខែកក្កដា។
វាមិនមែនជារឿងចម្លែកនោះទេ ដែលប្រឡាំងកាសឈ្មោលលើសពី ១ អាចដណ្តើមគ្នារួមមេត្រីនឹងញីមួយក្បាល ហើយពេលដណ្តើមបាន ប្រឡាំងកាសឈ្មោលនឹងតោងខ្នងរបស់ប្រឡាំងកាសញី ដើម្បីផ្តល់កំណើតដល់ស៊ុតរបស់ប្រឡាំងកាសញី។ ពេលដល់វ័យបង្កកំណើតវាក៏ឡើងមកទីរាក់ៗនៅតាមឆ្នេរ ដូចមេបារបស់វាដែរ។
ទំនងជាពេលសត្វឈ្មោលតោងសត្វញីដើម្បីបង្កកំណើតនេះហើយ ដែលខ្មែរយើងពីមុនយល់ថាប្រឡាំងកាសឈ្មោលរស់ដោយសារញីនោះ។ សត្វប្រឡាំងកាសញីមួយក្បាលអាចបញ្ចេញពងរាប់ពាន់គ្រាប់ក្នុងពេលពងម្តងៗ។ ក្រោយពេលពងរួច ពួកប្រឡាំងកាសដែលពេញវ័យទាំងនោះ នឹងត្រឡប់ទៅកាន់ទឹកជ្រៅវិញមុនថ្ងៃរះមកដល់ ដោយទុកពងចោលដោយគ្មានអ្នកការពារឡើយ។ បើមិនមានការបំផ្លាញពីអ្នកប្រហារទេនោះ កូនប្រឡាំងកាស និងញាស់នៅរយៈពេល ពីរបីសបា្តហ៍បន្ទាប់។
កូនប្រឡាំងកាសណាដែលបានញាស់មកហើយ និងអាចរួចជីវិតពីក្រុមអ្នកប្រហារនោះ នឹងបន្តសកស្នូកជាបន្តបន្ទាប់គឺប្រហែល ១៥ដង ក្នុងរយៈពេល ១០ឆ្នាំ ដើម្បីអាចរីកធំធាត់ក្លាយជាប្រឡាំងកាសពេញវ័យ។
តាមពិតទៅសត្វនេះ ទាំងញីទាំងឈ្មោលរស់នៅដោយខ្លួនឯងនៅបាតសមុទ្រ ដោយស៊ីដង្កូវ មឹក បង្គា និងត្រីដែលងាប់។ ដោយសារតែវាមិនមានធ្មេញ វានឹងបំបែកចំណីអាហារជាបំណែកតូចៗដោយជើងរបស់វា រួចទើបវាដាក់ចូលទៅក្នុងមាត់ដែលនៅចន្លោះជើងទាំងនោះ។ ប្រឡាំងកាសអាចមានអាយុរហូតដល់ ២០ឆ្នាំឯណោះ។ អ្នកប្រហាររបស់សត្វនេះ មានច្រើនណាស់ដែលរួមមាន ឆ្លាម អណ្ដើក បក្សី និងសត្វជាច្រើនទៀត ជាពិសេសគឺមនុស្សហ្នឹងឯង។
តើសត្វប្រឡាំងកាសមានប្រយោជន៍អ្វីខ្លះចំពោះមនុស្ស?
នៅកម្ពុជាយើង គេយកប្រឡាំងកាសមកធ្វើជាអាហារ ជាពិសេសគឺពងរបស់វា។ ដោយឡែក នៅអាមេរិក ចិន និងម៉ិកស៊ិកឯណោះវិញ ឈាមសត្វប្រឡាំងកាសដែលមានពណ៌ខៀវនោះ ត្រូវបានគេបូមយកទៅប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ ហើយឈាមរបស់វា ក៏មានតម្លៃខ្ពស់ណាស់ដែរ។
ចាប់តាំងពីឆ្នាំ១៩៦០ មក អ្នកវិទ្យាសាស្ត្រ រកឃើញថា ឈាមសត្វប្រឡាំងកាស អាចយកទៅប្រើដើម្បីបង្ហាញថា ប៉ាន់វ៉ាក់សាំងមានផ្ទុកនូវបាក់តេរីចង្រៃ ឬ ធាតុពុលផ្សេងៗឬអត់ មុននឹងយកទៅប្រើប្រាស់។ ក្នុងករណីប៉ាន់វ៉ាក់សាំងនោះមានផ្ទុកនូវបាក់តេរី ឬ ធាតុពុលអ្វីមួយនោះឈាមរបស់វានឹងរុំព័ទ្ធភ្លាម គឺដូចនៅក្នុងខ្លួនវាដែរ។ ឈាមប្រឡាំងកាសក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩។ ដូចនេះអ្នកគ្រប់គ្នាដែលធ្លាប់ចាក់វ៉ាក់សាំងសុទ្ធតែជំពាក់គុណសត្វនេះ ដូចនេះគួរឈប់ប្រៀបធៀបមនុស្សមិនបានការទៅនឹងសត្វនេះទៀត។
ក្នុងមួយឆ្នាំៗ សត្វប្រឡាំងកាសប្រមាណ ៥០ម៉ឺនក្បាល នៅអាមេរិក ត្រូវបានគេចាប់ដើម្បីបូមយកឈាមរបស់វា រួចគេប្រលែងវាចូលក្នុងសមុទ្រវិញ។ ទោះជាយ៉ាងណាក្តី ប្រមាណជា ១៥% នៃប្រឡាំងកាសងាប់ក្រោយបានបូមឈាមរួច។
ដោយសារតម្រូវការខ្ពស់ និងមានប្រយោជន៍បែបនេះ គេបានហៅឈាមសត្វប្រឡាំងកាសថា មាសខៀវ ដែលអាចមានតម្លៃប្រមាណ ២ម៉ឺនដុល្លារក្នុង ១លីត្រ។ដោយសារតែតម្រូវការយ៉ាងច្រើនបែបនេះ គេបារម្ភថា ប្រឡាំងកាសអាចប្រឈមនឹងការផុតពូជនៅពេលខាងមុខ។
មនុស្សជាច្រើនអាចគិតថា ប្រឡាំងកាសទំនងជាសត្វដ៏គ្រោះថ្នាក់ ជាពិសេសកន្ទុយដ៏ស្រួចរបស់វា តែតាមពិតវាជាសត្វដែលគ្មានគ្រោះថ្នាក់នោះទេ។ កន្ទុយដ៏ស្រួចរបស់វាមិនគ្រោះថ្នាក់ដូចកន្ទុយរបស់ត្រីបបែលនោះទេ គឺវាសម្រាប់តែជួយកាច់ចង្កូតពេលហែល និងជួយត្រឡប់ខ្លួនផ្ងារ ក្នុងករណីត្រូវក្រឡាប់ដោយសាររលកខ្លាំងជាដើម ចំណែកបន្លាដែលនៅលើស្នូករបស់វានោះគឺមិនមែនសម្រាប់តទល់នឹងសត្រូវអីនោះទេ គឺវាសម្រាប់ប្រមូលព័ត៌មានពីអ្វីៗដែលនៅជុំវិញវាប៉ុណ្ណោះ ដែលរួមទាំងការប្រែប្រួលនៃសីតុណ្ហភាពជាដើម។
ប្រឡាំងកាស ក៏ត្រូវបានគេនេសាទដើម្បីយកទៅធ្វើម្ហូប និង នុយសម្រាប់នេសាទផងដែរ។ ពងរបស់ប្រឡាំងកាស ឬ កាចរ ដែលនៅក្នុងពោះរបស់វា ត្រូវបានគេយកទៅចម្អិនធ្វើជាម្ហូប។ ប៉ុន្តែគេបានរកឃើញថា នៅរដូវខ្លះ ពងកាចរ មានផ្ទុកជាតិពុលម្យ៉ាងឈ្មោះ Tetrodotoxin ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ ជនរងគ្រោះដែលពុលពងកាចរ មានរោគសញ្ញា ដូចជា ស្ពឹកស្រពន់ វិលមុខ អស់កម្លាំង ថប់ដង្ហើម ស្រវាំងភ្នែក ក្អួតចង្អោរ ។ល។
អត្ថបទនេះ ខ្ញុំសរសេរឡើងដោយអានប្រភពមិនក្រោម ២០ នោះទេ តែមិនបានរៀបរាប់នៅទីនេះ ព្រោះខ្លាចវែងពេក ណាមួយនេះមិនមែនជាសំណេរបែប academic អីទេ គ្រាន់តែសរសេរចែកបងប្អូនអានលេងយល់ដឹងបានខ្លះៗ។ ខ្ញុំសរសេរដល់ចប់ បើមានអ្នកអានដល់ចប់ សូមជួយបញ្ជាក់ផង ហាហា បើឃើញមានកំហុសអក្ខរាវិរុទ្ធអីជួយប្រាប់ផង ដាក់ត្រង់ៗនៅទីនេះមក មិនបាច់ទើសទាល់អីទេ ខ្ញុំរីករាយនឹងទទួល៕
_________________អត្ថបទដោយ លោក Piseth Mao
កែអក្ខរាវិរុទ្ធ អាក្បាលធំ
source https://akbalthom.blogspot.com/2021/08/horseshoe-crab-piseth-mao.html
Comments
Post a Comment