Lao Gan Ma ទឹកម្ទេសចិនល្បីរន្ទឺពេញពិភពលោក ប្រែក្លាយពីមនុស្សសាមញ្ញទៅជាមហាសេដ្ឋីកំពូលរបស់ចិន
Lao Gan Ma ទឹកម្ទេសចិនល្បីរន្ទឺពេញពិភពលោក ប្រែក្លាយពីមនុស្សសាមញ្ញទៅជាមហាសេដ្ឋីកំពូលរបស់ចិន ព្រមទាំងបង្កើតការងារឲ្យមនុស្សទូទាំងខេត្តរួចផុតពីភាពក្រីក្រ។
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញដបម្ទេសម៉ាកយីហោ Lao Gan Ma បែបនេះដាក់លក់នៅតាមផ្សារទំនើបជាច្រើនក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ទឹកម្ទេសម៉ាកយីហោនេះស្ថិតក្នុងបេះដូងប្រជាជនចិនជាយូរមកហើយ និងជាផលិតផលរបស់ចិនដែលមនុស្សជុំវិញពិភពលោកស្គាល់ ថ្ងៃនេះ KBank សាខាភ្នំពេញ នឹងបង្ហាញនូវរឿងដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីទឹកម្ទេសម៉ាក Lao Gan Ma ដល់អ្នកទាំងអស់គ្នា។ ទឹកម្ទេសម៉ាក Lao Gan Ma នេះត្រូវបានបង្កើតឡើងដោយ Tao Hua Bi (陶华碧) ដែលកើតក្នុងគ្រួសារក្រីក្រមួយ ដែលមិនអាចបញ្ជូនគាត់ឱ្យទៅរៀននៅសាលាបាន ហើយក៏ជាស្ត្រីមេម៉ាយម្នាក់ដែលបានបាត់បង់ស្វាមីដែរ។ តើគាត់ត្រូវតស៊ូយ៉ាងណាដើម្បីចិញ្ចឹមកូនប្រុសរបស់គាត់ និងស៊ូជីវិតឱ្យផុតពីភាពក្រីក្រក្លាយជាមហាសេដ្ឋីកំពូលរបស់ប្រទេសចិន ដែលចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្ដី Forbe?
លោកស្រី Tao Hua Bi ក្រោយពីបាត់បង់ស្វាមីទៅ គាត់បានចាប់ផ្តើមដោយបើកហាងលក់មី ដែលចម្អិនដោយទឹកម្ទេស Lao Gan Ma ទាំងនេះដែលជារូបមន្តពិសេសផ្ទាល់ខ្លួនរបស់គាត់ ដែលរូបមន្តសម្ងាត់នេះ ត្រូវបានផ្សំឡើងដោយរូបមន្តទឹកម្ទេសរបស់គាត់ផ្ទាល់ ហើយគាត់សង្កេតឃើញថា អតិថិជនតែងតែទិញទឹកម្ទេសនេះ ទៅផ្ទះ ធ្វើឱ្យគាត់យល់ឃើញថា អ្វីដែលអតិថិជនចូលចិត្តនៅហាងមី មិនមែនដោយសារតែមីនោះទេ ប៉ុន្តែគឺជាការចូលចិត្តទៅលើទឹកម្ទេសដែលគាត់បានបង្កើតឡើងទៅវិញទេ។ នៅពេលដែលគាត់មានអាយុ 49 ឆ្នាំ មនុស្សជាច្រើនប្រហែលជាមើលឃើញថាជាវ័យចំណាស់សម្រាប់ការចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែសម្រាប់លោកស្រី Tao Hua Bi វាគ្រាន់តែជាការចាប់ផ្តើមនៃការបោះជំហានឆ្ពោះទៅរកភាពជាមហាសេដ្ឋីកំពូលនៃប្រទេសចិនប៉ុណ្ណោះ ដោយគាត់បានចាប់ផ្តើមបង្កើតរោងចក្រផលិតទឹកម្ទេសសម្រាប់លក់ ដែលមានឈ្មោះថា Lao Gan Ma នៅក្នុងខេត្ត Gui Yang ដែលមានបុគ្គលិកត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ ក្នុងអំឡុងពេលបង្កើតក្រុមហ៊ុននេះ។
តើម៉ាកយីហោនេះមានអត្ថន័យយ៉ាងណា? Lao មានន័យថាអាយុច្រើន ចាស់ ឬជរា ចំណែកពាក្យថា Gan Ma មានន័យថាគឺជាអ្នកម្តាយ ដូច្នេះអត្ថន័យនៃម៉ាកគឺ អ្នកម្តាយដែលមានអាយុច្រើននោះឯង។ ក្រឡេកទៅមើលការវេចខ្ចប់វិញ យើងអាចឃើញរូបភាពរបស់លោកស្រី Tao Hua Bi នៅគ្រប់ដបទាំងអស់ អាថ៌កំបាំងនៃភាពជោគជ័យនៃអាជីវកម្មនេះ គឺស្ថិតនៅលើលោកស្រី Tao Hua Bi នោះគឺការសិក្សាពីអ្វីដែលអតិថិជនចង់បាន ដែលជាអាថ៌កំបាំងរូបមន្តទឹកម្ទេសរបស់គាត់ មិនមែនហាងមីនោះទេ ហើយជាមួយនឹងផែនការទីផ្សារដ៏ឆ្លាតវៃតាមរយៈការចែកទឹកម្ទេសដល់អ្នកបើកបរតាមផ្លូវទៅផ្ទះ ធ្វើឱ្យទឹកម្ទេសរបស់គាត់ ត្រូវបានគេស្គាល់ទូទាំងប្រទេសចិន ដោយសារតែអ្នកបើកបរបាននាំយកទឹកម្ទេសមកផ្ទះដើម្បីបរិភោគ។ ពីអាជីវកម្មតូចមួយដែលមានបុគ្គលិកត្រឹមតែ 40 នាក់ ទៅជាអាជីវកម្មដែលមានបុគ្គលិកជាង 5,000 នាក់នៅក្នុងទីក្រុង និងការជួយគាំទ្រដោយប្រយោលដល់កសិករដាំម្ទេសរាប់ម៉ឺននាក់ បានបង្កើតប្រាក់ចំណូលដល់អ្នកស្រុក Gui Zhou និងត្រូវបានគេស្គាល់ថាជា Miracle of Gui Zhou ។
ភាពជោគជ័យនៃទឹកម្ទេស Lao Gan Ma នេះ បច្ចុប្បន្នមានតម្លៃជាង 5.02 ពាន់លានយ័ន ឬជាង 20 ពាន់លានបាតក្នុងឆ្នាំ 2019 ហើយបានកើនឡើងច្រើនជាង 14.43% ធៀបនឹងឆ្នាំមុន។ នេះជាអ្វីដែលឆ្លុះបញ្ចាំងឱ្យយើងឃើញថា ការធ្វើអាជីវកម្មនេះចាប់ផ្តើមនៅវ័យណាក៏បាន ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់លើអាជីវកម្មដែលយើងធ្វើ ត្រូវខិតខំព្យាយាមជានិច្ចក្នុងការកែសម្រួលយុទ្ធសាស្ត្រផ្សេងៗ នឹងធ្វើឱ្យយើងបន្តអភិវឌ្ឍអាជីវកម្មរបស់យើងដូចលោកស្រី Tao Hua Bi ដែលបានសាងខ្លួនឯងពីម្ចាស់ហាងមីតូចមួយនៅក្នុងភូមិមួយ ក្លាយជាអ្នកបង្កើតទឹកម្ទេសដែលបានឈ្នះចិត្តមនុស្សជុំវិញពិភពលោក ហើយអាចបង្កើតប្រាក់ចំណូល និងការងារដល់ប្រជាជនក្នុងស្រុកនៅស្រុកកំណើតរបស់គាត់ផងដែរ។
ឯកសារយោង៖
https://ift.tt/3KrjAk0
https://ift.tt/3nCNCYz
https://ift.tt/3KlLcXP
អត្ថបទពី : KBankPhnomPenhBranch
មានអត្ថបទជាភាសាបរទេសជាច្រើនដែលនិយាយអំពីទឹកម្ទេសនេះ ហើយក៏មានអត្ថបទខ្លះនិយាយវិភាគពីគ្រឿងផ្សំទឹកម្ទេសនេះផងដែរ សម្រាប់អ្នក Youtuber មួយចំនួនក៏បានបង្ហាញពីរបៀបធ្វើទឹកម្ទេសបែប Lao Gan Ma ផងដែរ។ ខ្ញុំធ្លាប់ទិញមួយដបដែរ តែប៉ះចំទឹកម្ទេសដែលមានរសជាតិហឹរតិច 😂 ដែលធ្វើឲ្យខ្ញុំមិនទាន់ដឹងរសជាតិហឹរឆ្ងាញ់នៅឡើយទេ តែខ្ញុំនឹងសាកទិញម្ដងទៀត ប្រហែលជានឹងទិញនៅម៉ាតចិន ដើម្បីងាយស្រួលសួរអ្នកលក់អំពីរសជាតិទឹកម្ទេសដើម្បីដឹងថាមួយណាមានរសជាតិហឹរ៕
source https://akbalthom.blogspot.com/2022/01/lao-gan-ma.html
Comments
Post a Comment