រូបមន្ត ទឹកប្រហុក​បែប​ខ្មែរ​ពិសេស (ប្រហុក​សាច់​សៀមរាប​ត្រី​កំភ្លាញ ១ខាំ)

ទឹកប្រហុក​​គឺ​ទឹកជ្រលក់​យ៉ាង​ដែល​ជា​មុខម្ហូប​សំខាន់​មួយ​របស់​ជនជាតិ​ខ្មែរ​ ម្ហូប​ខ្មែរ​​​ភាគច្រើន​ប្រើ​ទឹកប្រហុក​ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​​ឆ្ងាញ់​ពិសារ។ ទឹកប្រហុក​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់​កាលណា​ប្រើ​សម្រាប់​​ជ្រលក់​ជាមួយ​បន្លែ​ឆ្អិន ឬ​ត្រី ឬ​សាច់​ឆ្អិន។​ ជាទូទៅ​ទឹកប្រហុក​គឺជា​ទឹកជ្រលក់​ដែល​គេ​ប្រើ​សំរាប់​ជ្រលក់​ជាមួយ​ពោះគោ​ស្ងោរ និង សាច់​អាំង។

ចំណាំ៖ ប្រហុក​ជា​ម្ហូប​អាហារ​ពិសេស​មួយ​​ប្រភេទ ដែល​​ប្រជាជន​ខ្មែរ​ពិសារ​​តាំង​ពី​​ដូនតា​មក​ហើយ​វា​បាន​ក្លាយ​ទៅ​ជា​អាហារ​នៃ​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​ផង​ដែរ។ ជនជាតិ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​នៅ​ជនបទ នៅ​តែ​អនុវត្ត​ប្រពៃណី​ធ្វើ​ប្រហុក​ស្ទើរ​​គ្រប់ៗ​ផ្ទះ​ដើម្បី​បរិភោគ​ប្រចាំថ្ងៃ។ សម្រាប់​អ្នក​នៅ​ទីក្រុង​សម័យថ្មី​មួយចំនួន​មិន​សូវ​ចេះ​ធ្វើ​នោះ​ទេ ប៉ុន្តែ​នៅតែ​និយម​ពិសារ​ជាប្រចាំ។

 ៙ គ្រឿងផ្សំ ៖

- ប្រហុក​សាច់ (ប្រហុក​សៀមរាប​ត្រី​កំភ្លាញ) ១ខាំ
- ប្រេងឆា ១សា្លបព្រាបាយ
- ទឹក​មួយ​កែវ​ចំនួន ១២០មល
- ក្រូចឆ្មារ ២ផ្លែ
- ស្ករស ៥ ស្លាបព្រាកាហ្វេ
- រំដេង ១ជ្រុងតូច(ប៉ុន​កូនដៃ) បុក​អោយ​ម៉ត់
- ខ្ទឹមស​បុក​អោយ​ម៉ត់ ២កំពិសធំ
- គល់​ស្លឹកគ្រៃ​គ្រាម​ហាន់​រួច ឬ​ដាក់​ស្លឹកគ្រៃ​ស្រស់​ហាន់​រួច​ក៏​បាន ១ចានចង្កិះ
- សណ្ដែកដី​លីង​តិច ឬ​ច្រើន​តាម​ចូលចិត្ត
- ម្ទេស​ហាន់​ដាក់​តាម​ការ​ចូលចិត្ត

៙ អន្លក់​ប្រហុក៖

- ស្ពៃក្តោប
- ត្រសក់
- សណ្ដែកកួរ
- ពោត​បារាំង
- ការ៉ុត
- ចេកខ្ចី
- ត្រយូងចេក
- ស្ពៃ​ចិន
- សាច់​ជ្រូក​បី​ជាន់
- បន្លែ​ផ្សេងៗ​ទៀត​តាម​ចំណង់ចំណូលចិត្ត

៙ របៀប​ធ្វើ​ទឹកប្រហុក​ខ្មែរ ៖

១- ចិញ្ច្រាំ​ប្រហុក​អោយ​ម៉ត់​ល្អ កំដៅ​កូន​ឆ្នាំង​ឱ្យ​ក្ដៅ ពេល​ឆ្នាំង​ក្តៅ​ល្មម ដាក់​ប្រេងឆា និង​ស្ករស រំដេង ខ្ទឹមស ចូល​កូរ​រហូត​ក្លាយជា​ល្បាយ​សព្វ​សាច់។

២- ចាក់​ទឹក​ចូល​ប្រហែល ១២០ម.ល បន្ទាប់មក​ដាក់​ប្រហុក រួច​ចាប់ផ្តើម​កូរ​រហូត​ដល់​ទឹកប្រហុក​ពុះ បន្ទាប់មក​លើក​ចេញពី​ចង្ក្រាន​ដាក់​ឱ្យ​ត្រជាក់ ​(បើ​ចូលចិត្ត​ខាប់​អាច​បន្ថយ​ទឹក​ក៏​បាន)។

៣- ថែម​គល់​ស្លឹកគ្រៃ​ហាន់ ដាក់​ម្ទេស​ហាន់​រួច ច្របាច់​ក្រូចឆ្មារ​រួច​កូរ​ឱ្យ​សព្វ រោយ​សណ្ដែកដី​​លីង​ពីលើ​ជាការស្រេច។

កត់សម្គាល់៖

មាន​អ្នក​ខ្លះ​ចូលចិត្ត​ជ្រលក់​បន្លែស្រស់ៗ​ជាមួយ​ប្រហុក​ដោយ​ផ្ទាល់។ បន្លែស្រស់​ដែល​គេ​និយម​បរិភោគ​រួមមាន៖ ស្ពៃ​ចិន ស្ពៃ​ក្រញាញ់ ជី​ពង​ទា​កូន ជីរណា ម្រះ ត្រសក់ ចេកខ្ចី និង​បន្លែ​ផ្សេង​ជាច្រើន​មុខ​ផ្សេង​ទៀត។ អ្នក​ខ្លះ​ទៀត​ចូលចិត្ត​ពិសារ​ជាមួយ​សាច់​ជ្រូក​បី​ជាន់ សាច់គោ​អាំង ពោះគោ និង​បន្លែស្រស់​ផ្សេងៗ​ទៀត​ជ្រលក់​ផ្ទាល់​ជាមួយ​ទឹកប្រហុក​តែម្តង៕

____________
ប្រភព​ពី https://www.ahakhmer.com/



source https://akbalthom.blogspot.com/2022/01/blog-post_25.html

Comments