ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បាលី. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌១០ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច និងពួកប្រជារាស្ត្រឲ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរ ត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត។បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្ត្រ នឹងជួបប្រទះវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្គ្រាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាសក្រុមគ្រួសារ ញាតិសន្តានជាមិនខាន។ ឯព្រះមហាក្សត្រ និងអ្នកដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។
ទសពិធរាជធម៌ទាំងដប់មាន៖
ទាន
ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយ ដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតិឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរ ធ្វើដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋ និងជាតិនូវលទ្ធភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិត្តិយសរុងរឿងថ្កុំថ្កើង។
សីល
ព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវតែប្រកាន់ និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្ត្រ។
ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសម្លាប់ជីវិតមិនលួចប្លន់ មិនលួចលាក់មានសហាយស្មន់ មិនភូតភរកុហកបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖
- មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
- ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
- មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង
- ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណៈ ឬ ពណ៌សម្បុរ។
បរិច្ចាគ
ព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យ ឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋ ដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិ អោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរ អោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណៈ។ពីព្រោះជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយ ឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរព និងប្រតិបត្តិធ្វើតាមដែរ។
អាជ្ជវៈ
(មានសេចក្ដីត្រង់) ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រ និងអ្នកដឹកនាំត្រូវតែគោរព និងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់ គឺជាប់ជំពាក់ទៅនឹងកាយ វាចា ចិត្ត របស់អ្នកដឹកនាំ។ បើនិយាយឱ្យចំទៅគឺគេមិនត្រូវក្បត់ប្រជាជន និងប្រទេសជាតិឯងមិនប្រើអំណាចផ្ដាច់ការ មិនអយុត្តិធម៌ មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និង បរទេស។
មទ្ទវៈ
(មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែរៀបចំឫកពារ អាកប្បកិរិយា ពាក្យសម្ដី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារ ល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាការៈ ឬកពារច្រងេងច្រងាងច្រឡោងខាម ច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកម្លាំងបាយជាមួយ នឹងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយ វាចា ចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់បែបយ៉ាង។
តបៈ
(ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំណត់ត្រូវតែចូលកាន់ឧបោសថសីល ដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវាងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោសថសីលអាចចាត់ទុកជាការដកឃ្លាមួយរយៈពីភាពជាប់ជំពាក់ជំពិនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេលយកឱកាសសំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាព និងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំ ឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្ដូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។
អក្កោធនៈ
(មិនក្តៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កឹះឆ្កៀលដុតរោលបំបែកបំបាក់អ្នកដទៃអោយកើតមានកំហឹង ដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ ការបង្កបង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហល់ក្រហាយ ដូច្នេះបណ្តាលធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និងជាសង្គ្រាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំ និងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។
អវិហឹសា
(មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិមិនត្រូវយកហិង្សាឬកម្លាំងបាយនិងអាវុធមកធ្វើជាត្រីមុខទេ ក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេ គេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ទស្សនៈសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោបយកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាព ដើម្បីកសាងដើរឆ្ពោះទៅរកអ្វីដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់ និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។
ខន្តី
(មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំណត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់ចិត្តមានៈទៅតាមការលោភលន់រំជើបរំជួល ត្រេកត្រអាល អាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំ និងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវ ព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលវេលាឱកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ ការប្រកាន់ខន្តីអំណត់អត់ធ្មត់សង្កត់ចិត្ត និងព្យាយាមជាគុណសម្បត្តិមួយដ៏កម្ររកបានក្នុងសម្បត្តិមនុស្ស។
អវិរោធនៈ
(មិនបំពានលើធម៌លើច្បាប់) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាន និងជាគ្រឹះរបស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានីតិរដ្ឋ។ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមក្លាយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្ដីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មី តម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្ត្រនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខាន គឺបានសេចក្ដីថានរណាដែលគ្មានច្បាប់ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិទាំងនោះវិញ ក៏រត់មិនរួចពីប្រជានុរាស្ត្រផ្ដន្ទាទោសដែរ៕
_____________________
ប្រភពពី Wikipedia Khmer
(កែចុងក្រោយនៅម៉ោង០១:២៨ ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២)
source https://akbalthom.blogspot.com/2022/05/blog-post_21.html
Comments
Post a Comment